ដំណឹង​ជ្រើស​រើស​មន្ត្រី​ជាប់​កិច្ច​សន្យា (សេដ្ឋ​វិទូ វ័យ​ក្មេង)

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជម្រាប ជូន​ដំណឹង ដល់ សាធារណជន​ទាំង​អស់ ឱ្យ បាន ជ្រាប ថា៖ ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​តម្រូវ​ការ​ជ្រើស​រើស​សេដ្ឋវិទូ វ័យ​ក្មេង ចំនួន ០៦​រូប បម្រើ​ការ ជា មន្ត្រី ជាប់​កិច្ច​សន្យា រយៈ​ពេល ១ ឆ្នាំ ក្នុង​អគ្គនាយក​ដ្ឋាន​គោល​នយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ត្រូវ​ធ្វើ​ការងារ​ផ្ដោត​លើ​កិច្ចការ​ ស្តង់ដារ​ស្ថិតិ​ ការ​តាម​ដាន និង​វិភាគ​ទិន្នន័យ​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ បេក្ខជន បេក្ខ​នារី ដែល​ត្រូវ​បាន ជ្រើសរើស​នឹង​ទទួល​បាន​ការ បណ្ដុះ​បណ្ដាល បំប៉ន ជំនាញ​ពាក់​ព័ន្ធ ផ្សេងៗ​តាម​ការ​ចាំបាច់ ដើម្បី ពង្រឹង​ប្រសិទ្ធ​ភាព និង សមត្ថភាព ការងារ ជា​មួយ​នឹង ប្រាក់ បៀវត្ស សមរម្យ។ បន្ទាប់​ពី​បំពេញ​ការងារ​បាន ១ ឆ្នាំ មន្ត្រី​ទាំង​នេះ នឹង​ទទួល ការ​វាយ​តម្លៃ លើ សមិទ្ធ​កម្ម ដើម្បី​ពិនិត្យ​បញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី រាជ​ការ​បម្រើ​ការ ក្នុង ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
បេក្ខជន បេក្ខ​នារី​ទាំង​អស់​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​តទៅ ៖ - មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញា​បត្រ​ឡើង​ទៅ​លើ​មុខ​ជំនាញ​ស្ថិតិ (Statistics), សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, គោល​នយោបាយ សាធារណៈ, និង ហិរញ្ញវត្ថុ​សាធារណៈ ឬ គណនេយ្យ​សាធារណៈ - មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ច្បាស់​លាស់ អាច​និយាយ​និង​សរសេរ​ជា​ផ្លូវ​ការ​បាន - មាន​ចំណេះ​ដឹង​មូលដ្ឋាន ឬ​បទពិសោធន៍​ទាក់​ទង​នឹង​ការ​វិភាគ​សេដ្ឋកិច្ច ទិន្នន័យ និង​ស្ថិតិ​ទូទៅ - មាន ចំណេះ ដឹង​កុំព្យូទ័រ (Microsoft Office) ដែល​អាច​ប្រើ​ប្រាស់​ផ្លូវ​ការ​បាន - មាន​ចិត្ត​ស្រលាញ់ និង តស៊ូ​នឹង​ការងារ។
បេក្ខជន បេក្ខ​នារី ដែល​ទទួល​បាន​ការ​ជ្រើសរើស បឋម នឹង​ត្រូវ​ចូលរួម​ការ​ប្រលង សរសេរ ដើម្បី បញ្ជាក់ ពី សមត្ថភាព ជំនាញ និង​សមត្ថភាព​ភាសា​អង់គ្លេស រួច​នឹង​ឆ្លង​កាត់​កិច្ច​សម្ភាសន៍​ជា​ចុង​ក្រោយ។
អាស្រ័យ​ហេតុ​នេះ បេក្ខជន បេក្ខ​នារី​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​ហើយ​មាន​បំណង ចូល រួម ការ ប្រលង​ជ្រើស​រើស​នេះ សូម​ផ្ញើ​ប្រវត្តិ រូប​ការ​ងារ (CV & Cover Letter) មក​អ៊ីម៉ែល [email protected] ការ​ទទួល​ពាក្យ​ចាប់​ផ្ដើម​ពី​ថ្ងៃ ទី ២៥ ខែ សីហា ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ត្រឹម​ម៉ោង ១៧:០០។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​លោក​ស្រី សែម សំណាង ទូរស័ព្ទ​លេខ ០១១ ៤៧១២៤៧ ឬ អ៊ីមែល [email protected]
បេក្ខ​នារី នឹង​ទទួល​បាន​ការ​ផ្តល់​អាទិភាព​ជា​ពិសេស សម្រាប់​ការ​ជ្រើស​រើស​នេះ។