ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថាៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានតម្រូវការជ្រើសរើសសេដ្ឋវិទូចំនួន ២០ រូប និងអ្នកវិភាគថវិកាចំនួន ១០ រូប (សេដ្ឋវិទូ និងអ្នកវិភាគថវិកាចំនួន ២០ រូប ត្រូវមានបទពិសោធន៍ការងារ និងសេដ្ឋវិទូចំនួន ១០ រូប ទៀតមិនតម្រូវឱ្យមានបទពិសោធន៍ការងារ) ដែលមានវ័យមិនលើសពី ៣៥ ឆ្នាំដើម្បីបម្រើការងារក្នុងអគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គនាយកដ្ឋានថវិកា ។
បេក្ខជនបេក្ខនារីដែលត្រូវបានជ្រើសរើសនឹងទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញពាក់ព័ន្ធផ្សេងៗ តាមការចាំបាច់ដើម្បីពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារជាមួយនឹងប្រាក់បៀវត្សរ៍សមរម្យ។ បន្ទាប់ពីបញ្ចប់ ការងារឆ្នាំទី ០១ មន្រ្តីទាំង ៣០ រូបនឹងទទួលការវាយតម្លៃលើសមិទ្ធផលការងារដើម្បីសម្រេចដាក់បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីរាជការបម្រើការក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬបន្តជាមន្រ្តីជាប់កិច្ចសន្យាឆ្នាំទី ២ និងទី ៣ ជាបន្តទៀត ។
បេក្ខជនបេក្ខនារីទាំងអស់ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
- មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ និង មានបទពិសោធន៍ការងារចាប់ពី ៣-៥ ឆ្នាំ (ចំនួន ១០ រូប ) ផ្នែកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច, សង្គមកិច្ច, ច្បាប់, ហិរញ្ញវត្ថុ និងវិទ្យាសាស្រ្តនយោបាយ។
- មានសញ្ញាបត្រចាប់ពីអនុបណ្ឌិតឡើងទៅផ្នែកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ,រដ្ឋបាលសាធារណៈ ឬផ្នែកពាក់ព័ន្ធផ្សេងទៀត និង មានបទពិសោធន៍ការងារចាប់ពី ២ ឆ្នាំ ឡើងទៅ ឬមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ តែត្រូវមានបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ (ចំនួន ១០ រូប) ព្រមទាំងមានចំណេះ និងការយល់ដឹងបានល្អអំពីដំណើរការរៀបចំផែនការអភិវឌ្ឍជាតិ, ការរៀបចំអនុម័ត និងអនុវត្តថវិកាជាពិសេសប្រព័ន្ធថវិកាកម្មវិធី/ថវិកាសមិទ្ធកម្ម (performance budgeting), មានជំនាញផ្នែកសិក្សាស្រាវជ្រាវ និងវិភាគកម្រិតខ្ពស់, ជំនាញគ្រប់គ្រងប្រព័ន្ធទិន្ន័យ និងជំនាញខ្ពស់ផ្នែកកុំព្យូទ័រ។
- មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ(ចំនួន ១០ រូប) និងមានចំណេះដឹងមូលដ្ឋានលើមុខជំនាញសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ស្ថិតិ, គោលនយោបាយសាធារណៈ, ហិរញ្ញវត្ថុសាធារណៈ ឬ រដ្ឋបាលសាធារណៈ, និងទំនាក់ទំនងអន្តរជាតិ។ល។
- បេក្ខជនបេក្ខនារី (ទាំងមានបទពិសោធន៍ និងមិនមានបទពិសោធន៍) ចាំបាច់ត្រូវមានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ អាចនិយាយ និងសរសេរជាផ្លូវការបាន (បេក្ខជន បេក្ខនារីគួរ មានពិន្ទុយ៉ាងហោចណាស់ TOEFL ៥៣០ ឬ IELTs ៥.០ និងអាយុកាលមិនលើសពី ២ ឆ្នាំ) ព្រមទាំងមានចំណេះដឹងកុំព្យូទ័រ (Microsoft Office) ដែលអាចប្រើប្រាស់ជាផ្លូវការបានផងដែរ។
បេក្ខជនបេក្ខនារីដែលទទួលបានការជ្រើសរើសបឋមនឹងត្រូវចូលរួមការប្រលងសរសេរ ដើម្បីបញ្ជាក់ពីសមត្ថភាពជំនាញ និងសមត្ថភាពភាសាអង់គ្លេសរួចនឹងឆ្លងកាត់កិច្ចសម្ភាសន៍ជាចុងក្រោយ។
អាស្រ័យហេតុនេះបេក្ខជនបេក្ខនារីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមានបំណងចូលរួមការប្រលងជ្រើសរើសនេះសូមផ្ញើប្រវត្តិរូបការងារ (CV & Cover Letter) មកអ៊ីម៉ែល [email protected]។ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃទី ០១ ខែមីនាឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១២ ខែមេសាឆ្នាំ ២០១៨ ត្រឹមម៉ោង ១៧:០០ ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទលេខ ០៩៥៨១៨០៩៥ ឬ ០១២៥១០២៥៣ ឬ អ៊ីម៉ែល[email protected] ។